WHO ព្រមាន៖ ការបន្ធូរបន្ថយវិធានការរឹតបណ្តឹង ប្រឆាំង COVID-19 អាចនឹងធ្វើឱ្យមនុស្សស្លាប់ កាន់តែច្រើន
(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានឱ្យបណ្ដាប្រទេសទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 «លឿនរហ័សពេក» ក្នុងកាលៈទេសៈបច្ចុប្បន្ន ព្រោះវាអាចនឹងបង្កឱ្យ មនុស្សស្លាប់កាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
ការព្រមានខាងលើរបស់លោក Tedros ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីប្រទេសមួយចំនួន ដូចជា អ៉ីតាលី និងអេស្ប៉ាញជាដើម បង្ហើបពីចេតនាបន្ធូរបន្ថយវិធានការបិទប្រទេស។ លោកប្រមុខ WHO បានគូសបញ្ជាក់ដូច្នេះថា៖ កាលៈទេសៈបច្ចុប្បន្ន ការលុបចោល ឬការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 លឿនរហ័សពេក អាចនឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនឡើង។
លោកបន្ថែមថា លោកស្វាគមន៍ ការថយចុះចំនួនអ្នកស្លាប់ និងឆ្លង នៅក្នុងប្រទេសអឺរ៉ុប ដូចជាអ៉ីតាលី, អាល្លឺម៉ង់, អេស្ប៉ាញ និងបារាំង តែ COVID-19 នៅតែអាចបង្ក គ្រោះថ្នាក់នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺវាអាចនឹងឆ្លងជាសហគមន៍ នៅក្នុងប្រទេសចំនួន១៦ នៃតំបន់អាហ្វ្រិក។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៣ម៉២០នាទីរសៀលនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ១.៧០៣.០១៨នាក់ ក្នុងនោះស្លាប់ ១០២.៨៤៣នាក់ និងជាសះស្បើយ ៣៧៧.០៩០នាក់៕PP