ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ចោទថាចិនមានចេតនាចង់ឲ្យខ្លួនចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា ការគ្រប់គ្រងលើវីរុសកូរ៉ូណា ឬកូវីដ-១៩របស់ប្រទេសចិន ភស្តុតាងយ៉ាងច្បាស់បញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉ីជីងមានចេតនាចង់ឲ្យរូបលោកចាញ់នៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មីនាពេលខាងមុខនេះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuters)នៅក្នុងការិយាល័យOval លោកត្រាំ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថាលោកកំពុងសម្លឹងទៅលើចំណុចប្រទាំងប្រទើសគ្នាជាមួយចិន ពាក់ព័ន្ធករណីវីរុសកូវីដ-១៩នេះ។
ទាក់ទងទៅនឹងវិបត្តិកូវីដ-១៩ដែរ លោកត្រាំក៏ធ្លាប់បានស្ដីបន្ទោសលើប្រទេសចិន ចំពោះការបិទបាំងនូវការឆ្លងរាតត្បាតពីសំណាក់វីរុសបង្កជាជំងឺរលាកសួតថ្មីនេះ ដោយលោកត្រាំស្ដីបន្ទោសចិនថាគួរតែប្រកាសពីឥទ្ធិពលនៃវីរុសថ្មីនេះឲ្យបានឆាប់រហ័សជាងនេះ។ ប្រធានាធិបតី រូបនេះ ក៏បានរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានជាច្រើនរបស់អាមេរិក ដោយសារតែវិធានការទប់ស្កាត់ និងការប្រកាសអាសន្នដ៏យឺតយ៉ាវពីផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដែលជាកត្តាអាចប៉ះពាល់ដល់សម្លេងឆ្នោតរបស់លោកសម្រា ប់ការបោះឆ្នោតដ៏សំខាន់នៅខែវិច្ឆិកាខាងមុខនេះ៕SP