ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជា កំពុងបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ឱ្យបញ្ចុះពន្ធបដិការឱ្យដល់ ០% សម្រាប់ទំនិញ ក្នុងវិស័យវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងបន្តចរចាសុំបញ្ចុះអត្រាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួនរួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដើម្បីឱ្យមានការបន្ធូរបន្ថយពន្ធបន្ថែមទៀត ឬឱ្យចុះដល់០% តែម្តង ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារបានឆាប់រហ័ស ជូនដល់បងប្អូនកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសថៃ។
ថ្លែងនាឱកាសញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា លោកតែងតែបានលើកម្តងហើយម្តងទៀត លើសការចរចាបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដើម្បីឱ្យមានការបន្ធូរបន្ថយពន្ធបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការចរចាបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួនរួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ យើងសង្ឃឹមថានឹងបានការបញ្ចុះពន្ធបន្ថែមទៀតក្រោម ១៩% ឬអាចដល់ ០% តែម្តង ដោយសារសហរដ្ឋអាមេរិក មិនមានរោងចក្រកាត់ដេរខោទ្រទាប់ អាវទ្រទាប់ នៅស្រុកអាគាំងនោះទេ»៕
