ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យ TRC សហការជាមួយ ប្រតិបត្តិករទូរសព្ទចល័តពន្លឿនការអនុវត្តលេខកូដរួមមួយចៀសវាងកាត់លុយ ជាស្វ័យប្រវត្តិ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិង កំពុងជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC)សហការជាមួយប្រតិបត្តិករទូរសព្ទចល័តពន្លឿនការអនុវត្តលេខកូដរួមមួយដើម្បីឲ្យអ្នកប្រើប្រាស់ អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិ តទៅទៀត ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថានាពេលកន្លងមក ដោយសារមានការត្អូញត្អែរ អំពីបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន។
ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា «(ក្រសួង)កំពុងជំរុញឲ្យ និយ័តករទូរគម នាគមន៍កម្ពុជា (TRC) សហការជាមួយ ប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដ រួមមួយដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិ តទៅទៀតដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់អតិថិជន»។
ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបរាប់ថាអ្នកប្រើប្រាស់គួរយល់ដឹងអំពី ទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗឲ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅ ចេញដោយមិនបញ្ចេញលេខ (Private Number) ជាដើម៕EB