ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះតទៅ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមទទួលបញ្ញើឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនខែ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាល់ពេញសាកលលោក។
យោងតាមសេចក្ដីជូនដំណឹងរបស់ ប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា « ការសម្រេចទទួលបញ្ញើឡើងវិញ បន្ទាប់ពីប្រៃសណីយ៍កម្ពុជា បានចរចាជាមួយក្រុមហ៊ុនយន្តហោះដឹកជញ្ជូនទំនិញរួចរាល់។ការដំណើរឡើងវិញនេះបើទោះបីមិនទាន់គ្រប់ប្រទេសទាំងអស់ក៏ពិតមែន ប៉ុន្តែមានចំនួនប្រទេសច្រើនដែលទទួលបញ្ញើបាន ពិសេសនៅអឺរ៉ុប អាមេរិក អូស្ត្រាលីជាដើម»។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្ត COVID-19 កំពុងរាតត្បាត ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរទាំងស្រុង៕EB