បុរសម្នាក់បានធ្វើសកម្មភាពយកញញួរវាយរូបបដិមាករព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត។

សមត្ថកិច្ចបន្តថាពេលនោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរីការងារ ក្នុងព្រះអង្គដងកើឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជយ័ជំនះ ដែលប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិ៍នគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ