មនុស្ស២នាក់ បានស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ចំនួន១៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្រោយពីពួកគាត់ ផឹកទឹកអណ្តូងដៃ ខណៈកំពុងច្រូតកាត់។ ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ រហូតមកដល់ថ្ងៃនេះ មានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។

ប្រភពពីអ្នកភូមិ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវ នៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស។ បន្ថែមពីនោះ ពួកគាត់ ក៏បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ក៏ទៅដងទឹកអណ្តូងដៃមួយនៅជិតចម្ការឪឡឹកយកមកផឹក។ ក្រោយពីផឹករួច ប្រមាណជាង១ម៉ោង ក៏មានការពុល ហើយស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងថា អាចមកពីអ្នកចម្ការប្រើប្រាស់ថ្នាំពុល រួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំឲ្យមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។

នៅព្រឹកនេះដែរ អភិបាលខេត្តកំពង់ឆ្នាំង កំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសព និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនារសៀលនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ