កម្ពុជា ស្នើសុំកិច្ចសហការពីភាគីវៀតណាម ដើម្បីឲ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារព្រឹត្តការណ៍សុីហ្គេម
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តការណ៍អន្តរជាតិ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅនាយកដ្ឋានអង្គរក្ស។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងក្រោយកិច្ចប្រជុំថាកិច្ចប្រជុំនៅថ្ងៃនេះ គឺអនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងការគាំទ្រគ្នាទៅវិញទៅមកលើការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ធំៗ ជាពិសេសខ្នាតតំបន់ និងអន្តរជាតិ ហើយនៅពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីប្រទេសវៀតណាម ខណៈដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ គឺមិនមានការប្រកួតកីឡាប៉ារ៉ាហ្គេម នោះទេ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា "ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឲ្យបាននូវសុវត្ថិភាព សន្តិសខុស សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជាក៏បានស្នើសុំកិច្ចសហការពីភាគីមិត្ត ដើម្បីឲ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារព្រឹត្តការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ"។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា សម្រាប់កិច្ចការរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមខាងមុខនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងធ្វើការផ្សព្វផ្សាយរួចមកហើយ និងនាយកដ្ឋាន-អង្គភាពជំនាញនីមួយៗ ក៏បានធ្វើការចាត់ចែងគ្រប់ជ្រុងជ្រោយ ទាំងសណ្តាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែងការស្នាក់នៅ ជាពិសេសទីកន្លែងព្រឹត្តិការណ៍ប្រកួត រួមទាំងការបង្ការហេតុការណ៍កើតឡើងជាយថាហេតុជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្តថា ដើម្បីឲ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន គឺចាំបាច់ណាស់ត្រូវមានបទពិសោធន៍ ដោយសារនេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៥ឆ្នាំ ដែលកម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះ ហើយក៏ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបំផុត ដូច្នេះទោះជាយើងមានការជឿជាក់លើសមត្ថភាពប៉ុណ្ណាណាក៏ដោយយើងក៏ត្រូវទាមទាររកបទពិសោធន៍ពីប្រទេសជិតខាង ហើយកន្លងមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងបានទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើន ដើម្បីផ្តល់បទពិសោធន៍ ជាពិសេសទទួលបានជោគជ័យក្នុងការការពារកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជោគជ័យនេះក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងបទពិសោធន៍ជាមួយដៃគូសហប្រតិបត្តិការរបស់យើងផងដែរ។ ដូច្នេះ កិច្ចប្រជុំនេះ គោលបំណងសំខាន់ គឺការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចសហប្រតិបត្តិការក្នុងការការពារ ជាពិសេសធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ៕EB