នាយករដ្ឋមន្ត្រីវៀតណាម ស្នើកម្ពុជាបន្តយកចិត្តទុកដាក់ និងសម្រួលលក្ខខណ្ឌសម្រាប់ប្រជាជន ដើមកំណើតវៀតណាមរស់នៅកម្ពុជា
វៀតណាម៖ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម PHAM Minh Chinh បានធ្វើការស្នើដល់ នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តយកចិត្តទុកដាក់ និងសម្រួលលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាម រស់នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vn Express នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម PHAM Minh Chinh បានស្នើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ និងសម្រួ ល លក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាមមករស់នៅ និងធ្វើការប្រកបដោយស្ថិរភាព នៅក្នុងប្រទេសកម្ពុជា ដើម្បីពួកគេអាចធ្វើសមាហរណកម្មបានល្អនៅក្នុងសហគមន៍មូលដ្ឋាន។
ក្នុងសារព័ត៌មានដដែល បានឱ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងការរក្សាឯកភាព និងតួនាទីកណ្តាលរបស់អាស៊ានក្នុងបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រនៃតំបន់ រួមទាំងបញ្ហាសមុទ្ទចិនខាងត្បូងផងដែរ។ សមភាគីទាំងពីរ បានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រតួនាទីរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ៕