យ៉ាងហោចណាស់ភ្ញៀវទេសចរចិនចំនួន ៥ លាននាក់ត្រូវបានគេរំពឹងថានឹងទៅទស្សនាប្រទេសថៃនៅចុងឆ្នាំនេះ
ថៃ៖យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា យ៉ាងហោចណាស់ភ្ញៀវទេសចរចិនចំនួន ៥លាននាក់ត្រូវបានគេរំពឹងថានឹងទៅទស្សនាប្រទេសថៃនៅចុងឆ្នាំនេះ បន្ទាប់ពីគោលនយោបាយគ្មានទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសចិន និងកាហ្សាក់ស្ថានបានចូលជាធរមានកាលពីថ្ងៃចន្ទ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងកាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃវិធានការសកម្ម «ឈ្នះរហ័ស (Quick Win)» ដែលបន្តរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈឆ្នាំក្រោយ។
កាលពីថ្ងៃចន្ទទី២៥កញ្ញា ភ្ញៀវទេសចរចិនដែលចុះចតនៅទីក្រុងបាងកក ទទួលបានការស្វាគមន៍យ៉ាងពិសេសពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ខណៈពួកគេជាភ្ញៀវទេសចរដំបូងដែលមកដល់ប្រទេសថៃ បន្ទាប់ពីប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះ ប្រកាសលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថាន ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍។
លោក សេដ្ឋា បានស្វាគមន៍ក្រុមអ្នកទេសចរចិនដំបូងចំនួន៣៤១នាក់ ពីជើងហោះហើរ Thai AirAsia នៅអាកាសយានដ្ឋានសុវណ្ណភូមិ។ ក្រៅពីអាកាសយានដ្ឋានសុវណ្ណភូមិ ពិធីស្វាគមន៍ត្រូវបានប្រារព្ធធ្វើនៅអាកាសយានដ្ឋានអន្តរជាតិ Don Muang, Chiang Mai និង Phuket។
TAT បង្ហាញថា ខ្លួនរំពឹងថានឹងមានភ្ញៀវទេសចរប្រហែល១៥០ ០០០នាក់មកពីកាហ្សាក់ស្ថាននៅឆ្នាំនេះ និង១២៩ ៤៨៥នាក់ ក្នុងអំឡុងពេលគម្រោងគ្មានទិដ្ឋាការរយៈពេល៥ខែ ប្រហែល៥០ភាគរយ កើនឡើងលើការមកដល់ពីប្រទេសអាស៊ីកណ្តាលមួយនេះ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី ថាផានី បាននិយាយថា នេះត្រូវបានគេរំពឹងថា នឹងនាំមកនូវប្រាក់ចំណូលជាតិចំនួន៧,៩៣ ពាន់លានបាត នៅក្នុងវិស័យទេសចរណ៍។ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រមាណ១៩លាននាក់បានមកដល់ ហើយ២,៣៤លាននាក់ជាជនជាតិចិន ដែលជាទីផ្សារទេសចរណ៍ធំទីពីររបស់ប្រទេសថៃ បន្ទាប់ពីម៉ាឡេស៊ី៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង