ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់សំដៅទៅកាន់ទីក្រុង Tel Aviv សំដៅលើជនស៊ីវិល និងជុំរំជនភៀសខ្លួន២កន្លែង
អ៊ីស្រាអែល ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់សំដៅទៅកាន់ទីក្រុង Tel Aviv ជាការឆ្លើយតបចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលខ្លួនអះអាងថា បានកំណត់គោលដៅលើជនស៉ីវិល នៅឯជំរំជនភៀសខ្លួន២កន្លែង ក្នុងតំបន់ហ្កាហ្សា (Gaza)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។
ក្នុងសារជាអក្សរផ្ញើទៅកាន់ក្រុមអ្នកកាសែត ក្រុម Hamas បាននិយាយដូច្នេះថា «កងពលតូច al-Qassam បាញ់រ៉ុក្កែតជាច្រើនគ្រាប់សំដៅទៅកាន់ ទីក្រុងតែលអាវីវ ជាការឆ្លើយតបចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានកំណត់គោលដៅលើជនស៉ីវិលនៅឯជំរំ (Al-Shati) និងជំរំ (Jabalia)»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ ប្រឆាំងនឹងក្រុម Hamas នៅតំបន់ Gaza Strip បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានឆ្មក់វាយប្រហារយ៉ាងភ្ញាក់ផ្អើលក្នុងទ្រង់ទ្រាយធំ លើប្រទេសអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានសម្លាប់មនុស្សច្រើនជាង១,២០០នាក់៕