កម្ពុជា នាំចេញកសិផលជាង ៥.៥តោន ទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានចំណូលជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ
ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣ ២១៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។
របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។
ចំណែកតម្លៃដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារអាមេរិក ក្នុងនោះនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក, ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក។
ក្រសួងកសិកម្មបានលើកឡើងថា ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ នៅតែបន្តមានបរិមាណតិចជាងកាលពីឆ្នាំ២០២២។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ៨ខែឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ២.៤២ % ដែលជាក្តីសង្ឃឹមថា ការនាំចេញនឹងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ នៅក្នុងខែខាងមុខៗទៀត ពិសេសដំឡូងមីស្រស់៕EB