កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់គ្រងឱ្យបានជនបរទេសស្នាក់នៅប្រទេសកម្ពុជា ក្នុងករណីលួចបើកសកម្មភាពឆបោកតាមអនឡាញ ដោយបន្តទប់ស្កាត់ និងបង្ក្រាបឱ្យបាន។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តំបន់ទេចរណ៍ដាច់ខាត ត្រូវមានសន្ដិសុខ សុវត្ថិភាព គ្មានអ្នកណាមួយ មកលេងខេត្តកែប មានបញ្ហានោះទេ ត្រូវធ្វើសកម្មភាពគ្រប់គ្រងឱ្យបានល្បែងស៊ីសង់ ក្មេងទំនើង និងបញ្ហា ចោរកម្មផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុងស្រុក ក៏ដូចជា ក្នុងខេត្ត ហើយអ្នកទេសចរណ៍មកពីខាងក្រៅ មានអារម្មណ៍ល្អ និងមានសុវត្ថិភាព។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ជាពិសេស ត្រូវមើលវត្តមាន សង្គមងងឹត ក្រុមជនបរទេសមកជួលផ្ទះ ជួលអី លួចបើកអនឡាញ ត្រូវធ្វើឱ្យបាន គ្រប់គ្រងឱ្យជាប់ មានករណីចម្លោះប្រហោង ចាត់វិធានការហើយ ត្រូវធ្វើយ៉ាងមិចកុំឱ្យមាននៅ ខេត្តកែប ខេត្តកំពត ខេត្តអីផ្សេងៗ»។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន៕