អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ប្រទេសជឿនលឿន គេចាត់ទុកបញ្ហាអសន្តិសុខសង្គមមួយចំនួន ជារឿងកំប៉ិកកំប៉ុក មិនពង្រីកឲ្យធំឡើយ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នៅប្រទេសជឿនលឿនដែលលោកធ្លាប់ទៅរៀន គឺគេចាត់ទុកបញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ ជារឿងកំប៉ិកកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។
មន្ត្រីអ្នកនាំពាក្យ ដដែល ក៏មិនគាំទ្រឲ្យមានការផ្សព្វផ្សាយ រឿងពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខសង្គម នៅលើបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនោះទេ ជាពិសេសការបង្ហាញរូបថតមិនគោរពសិទ្ធិបុគ្គលឯកជន ដែលប៉ះពាល់ខ្លាំងនោះដែរ។
ការលើកឡើងខាងលើនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា សម្រាប់ហេតុការណ៍អសន្តិសុខនៅក្នុងសង្គមមួយចំនួនដូចជាករណីចោរកម្ម, ឃាតកម្ម, ក្មេងទំនើង, ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម មិនគួរបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានច្រើននោះទេ ព្រោះវានឹងប៉ះពាល់ដល់វិស័យទេសចណ៍របស់កម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយ នាពេលថ្មីៗនេះ ថា បញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ គឺជារឿងធម្មតាដែលប្រទេសណាក៏កើតមានដែរ ដោយប្រទេសខ្លះកើតមានតិច និងប្រទេសខ្លះកើតមានច្រើន ហើយមិនអាចជៀសផុតឡើយ។
លោក បន្តថា នៅប្រទេសដទៃ ជាពិសេសនៅប្រទេសជឿនលឿន ដែលលោកធ្លាប់បានទៅរៀនសូត្រអំពីវិស័យសារព័ត៌មាននោះ គឺពួកគេចាត់ទុកបញ្ហាអសន្តិសុខសង្គមខាងលើនេះ ជារឿងកំប៉ិកកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។ បើគេសរសេរយ៉ាងច្រើ ២ ទៅ ៣ ឬ ៥បន្ទាត់ ដោយមិនទាំងដាក់រូបភាពផង លើកលែងតែករណីធំៗ ដែលកើតឡើងម្ដងម្កាលតែប៉ុណ្ណោះ។
លោក ប៉ែន បូណា បានបន្ថែមថា «ប៉ុន្តែរឿងអសន្តិសុខបន្តិចបន្តួចហ្នឹង គឺគេអត់ផ្សាយជារឿងធំទេ នេះគឺជាក្រមសីលធម៌ផង ហើយនិងជាការគោរពដល់សិទ្ធិបុគ្គលឯកជន ឬមួយយើងរក្សាមុខមាត់របស់ប្រទេសផង ដែលអ្នកសារព័ត៌មានម្នាក់ៗហ្នឹង ត្រូវតែមានអាហ្នឹង»៕EB