ថៃ៖ថ្មីៗនេះ សមត្ថកិច្ចថៃចាប់បានគ្រឿងញៀនប្រភេទម៉ាទឹកកក និងសារធាតុញៀនដទៃទៀតជាង១៥លានគ្រាប់ គិតជាទឹកប្រាក់ជាង៨លានដុល្លារ។ នេះជាការបំបែកសម្បុកគ្រឿងញៀនដ៏ធំមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៣។ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនេះ  និងដកហូតម៉ាទឹកកក៤២០គីឡូក្រាម និងហេរ៉ូអ៊ិនមួយចំនួន។

ប្រតិបត្តិបង្ក្រាបគ្រឿងញៀនដ៏ធំនេះស្ថិតនៅភាគខាងជើងទីក្រុងបាងកក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងថានេះជាការបង្ក្រាបកន្លែងស្តុកទុកគ្រឿងញៀនដ៏ធំបំផុតនៅកណ្ដាលប្រទេសថៃតែម្ដង។ អគ្គស្នងការនគរបាលថៃថ្លែងថាគ្រឿងញៀនទាំងនេះមានតម្លៃនៅលើទីផ្សារងងឹត៣រយលានបាត។ លោកមិនបញ្ចេញឈ្មោះប្រទេសណាទេ។ លោកគ្រាន់តែបង្ហើបឱ្យដឹងថាថ្នាំញៀនទាំងនេះផលិតនៅប្រទេសជិតខាងថៃ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែក១ទៀតនៅប្រទេសភូមា អាជ្ញាធរប្រាប់ថាពួកគេទើបតែចាប់បានគ្រឿងញៀនម៉ាទឹកកកជិតកន្លះតោនដែលមានតម្លៃជាង៤លានដុល្លារ។ កងសន្តិសុខជាតិភូមាឃើញអ្នកបើកម៉ូតូ និងឡានចេញពីក្នុងព្រៃក៏មានការសង្ស័យ ហើយហៅឱ្យឈប់។ ហេតុការណ៍នេះកើតឡើងនៅតំបន់ម៉ាន់ដាឡេ (Mandalay) តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ