ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលគ្រប់បក្សនយោបាយ ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ តុលា បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចជា ធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាល នៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើការបញ្ជាក់នីត្យានុកូលកម្មលើប្រកាសស្តីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា។
ក្រសួង បន្ដថា ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម- ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ របស់គណបក្សនយោបាយដែលបាន ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះ បញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៕EB