ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលផុតអាណត្តិ បានលើកឡើងជាទស្សនៈថា កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធន៍ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកស្រី Carmen Moreno បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាព អឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង បានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់អ.វ.ត.ក.ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក និងលទ្ធផលរំពឹងទុកសមច បានក្នុងរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំនិង ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំ ទូលាយនិងមានអត្ថន័យដល់សាធារណជននិងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជាការឆ្លើយតបលោក កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រងនិងរក្សាបណ្ណសារសំណុំរឿង ដែលមាន ជិត៤លានទំព័រ កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ជាមួយគ្នានោះដែរ លោក បានឲ្យដឹងថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកប ដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ(Remembrance) និងការមិនវិលត្រលប់ឡើងវិញ(Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

ចំពោះតួនាទីក្នុងតំបន់និងអន្តរជាតិ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើងជាទស្សនៈថា «កម្ពុជាមិន មែនជាប្រទេសក្រីក្រទៀតទេទាំងធនធាននិងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពល ជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរ តួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផល ទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ