ថៃ៖ សមាគមទេសចរណ៍ និងក្រុមអ្នកផ្តល់សេវាកម្មសណ្ឋាគារនិងផ្ទះសំណាក់អំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ រឹតបណ្តឹងការគ្រប់គ្រងលើការប្រើប្រាស់អាវុធ ដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរ។ ការស្នើបែបនេះធ្វើឡើង នៅក្រោយមានការបាញ់ប្រហារក្នុងផ្សារទំនើបស្យាមផារ៉ាហ្កន កាលពីថ្ងៃទី៣ ខែតុលា ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកទេសចរចិនដ៏គំហុក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

មានភ្ញៀវចិនសរុបប្រមាណ៦ម៉ឺននាក់ បានលុបចោលដំណើរកម្សាន្តរបស់ពួកគេមកក្នុងប្រទេសថៃ បន្ទាប់ពីការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាអ្នកទេសចរចិន និងរងរបួស៤នាក់ផ្សេងទៀត។ បន្ថែមពីលើនេះ ទិន្នន័យពីព្រលានយន្តហោះថៃបង្ហាញថា អ្នកដំណើរជនជាតិចិន ចូលមកដល់ប្រទេសនេះ បានធ្លាក់ចុះជាង៩ភាគរយ ពី៦៥ម៉ឺននាក់ មកនៅ៥៩ម៉ឺននាក់។ នៅមុនពេលផ្ទុះឡើងកូវីដ-១៩ ចិនជាប្រភពភ្ញៀវទេសចរធំជាងគេដែលមកកម្សាន្តនៅប្រទេសថៃ ពោលគឺមានដល់១១លាននាក់កាលពីឆ្នាំ២០១៩។ ទោះកូវីដ-១៩រសាត់ឆ្ងាយហើយក៏ពិតមែន តែអាជ្ញាធរទេសចរណ៍ថៃ រំពឹងលើភ្ញៀវចិនថា នឹងមានត្រឹមពាក់កណ្តាលនេះ ឬមានត្រឹម៥លាននាក់ក្នុងឆ្នាំ២០២៣។

គួរជម្រាបថា ខេត្តឈៀងម៉ៃ មានអ្នកទេសចរចិននិយមទៅលេងច្រើនជាងគេ ដែលជាក់ស្តែងមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៥ បើកការហោះហើរត្រង់ពីប្រទេសចិនមកកាន់ខេត្តមួយនេះ។ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ក្នុងខេត្តឈៀងម៉ៃ រាប់ចាប់ពីសណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មផ្សេងទៀត សុទ្ធតែបានរអ៊ូរទាំ ពីចំនួនភ្ញៀវចិនធ្លាក់ចុះភ្លាមៗនៅក្រោយការបាញ់ប្រហារនៅរាជធានីបាងកក។ ចំណែកនៅលើបណ្តាញសង្គមចិន Weibo មានអ្នកទេសចរចិនជាច្រើន បានបង្ហោះសារថា ពួកគេនឹងមិនទៅលេងប្រទេសណា ដែលមានការប្រើប្រាស់កាំភ្លើងខុសច្បាប់បែបនេះទេ ហើយអ្នកដែលធ្លាប់បានទៅប្រទេសថៃម្ដងហើយ បានលើកឡើងថា ពួកគេនឹងមិនទៅជាលើកទី២ឡើយ។ សូមជម្រាបថា អំឡុងត្រីមាសទី៣ឆ្នាំនេះ មានភ្ញៀវទេសចរចិនប្រមាណ១,៨ លាននាក់ ដែលបានស្នាក់នៅ និងដើរលេងក្នុងប្រទេសថៃ ជាមធ្យមពី៤ទៅ១០ថ្ងៃក្នុងមួយដំណើរកម្សាន្ត និងបានចំណាយប្រាក់ប្រហែល ៣ម៉ឺន ទៅ៥ម៉ឺនបាតក្នុងភ្ញៀវម្នាក់ៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ