ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង និងផ្តល់ការងារជូនដល់កម្មករនិយោជិត ប្រមាណ ៣៨.៥០០កន្លែង។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយ លោកអគ្គលេខាធិការ និងប្រតិភូអមដំណើរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការតាមដាន ពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗ ការស្វែងយល់អំពីឱកាសព្រមទាំងបទពិសោធន៍ការងាររបស់ក្រុមហ៊ុនមួយចំនួន ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ និងពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយវិនិយោគិន។ 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួរនាទីជាអ្នកសម្របសម្រួលរវាងអ្នកវិនិយោគ និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់វិស័យឯកជន ហើយការចុះទស្សនកិច្ចនេះគឺជាសកម្មភាពយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងយល់បន្ថែមទៀតអំពីតម្រូវការនានា និងបញ្ហាប្រឈមផ្សេងៗ របស់ក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ មានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ