ក្រុមហ៊ុន Google នឹងចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ មុនព្រឹត្តការណ៍នៃការបោះឆ្នោតសហភាពអឺរ៉ុប
បរទេស៖ ក្រុមហ៊ុន Google កំពុងរៀបចំចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចំនួន ៥ ក្នុងសហភាពអឺរ៉ុប ដែលក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Reuters នៅមុនការបោះឆ្នោតសភារបស់ប្លុកនេះ និងការរឹតបន្តឹងច្បាប់ថ្មី សម្រាប់ដោះស្រាយមាតិកា នៅតាមប្រព័ន្ធអនឡាញ។
នៅខែមិថុនា ពលរដ្ឋសហភាពអឺរ៉ុប នឹងបោះឆ្នោតសភាអឺរ៉ុបថ្មី ដើម្បីអនុម័តគោលនយោបាយ និងច្បាប់នានានៅក្នុងតំបន់ ហើយសមាជិកសភា ព្រួយបបារម្ភថាការរាលដាលព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត អាចជះឥទ្ធិពលដល់អ្នកបោះឆ្នោត។
ក្នុងនោះប្រទេសបារាំង ប៉ូឡូញ និងអាល្លឺម៉ង់ បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ពីការដាក់បញ្ចូលគ្នានូវបណ្តាញពិនិត្យពិច័យនៃគេហទំព័រ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ី។ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលចូលជាធរមានក្នុងសប្តាហ៍នេះ នឹងតម្រូវឱ្យវេទិកាប្រព័ន្ធអនឡាញធំៗ និងម៉ាស៊ីនស្វែងរក ធ្វើការបន្ថែមទៀតដើម្បីដោះស្រាយមាតិកាខុសច្បាប់ និងហានិភ័យចំពោះសន្តិសុខសាធារណៈ។
ចាប់ពីខែមីនា អង្គភាព Jigsaw ផ្ទៃក្នុងរបស់ក្រុមហ៊ុន Google ដែលធ្វើប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងដល់សង្គម នឹងដំណើរការការផ្សាយពាណិជ្ជកម្មដែលមានចលនាជាច្រើនជាបន្តបន្ទាប់ នៅលើវេទិកាដូចជា TikTok និង YouTube នៅក្នុងប្រទេសចំនួន៥ នៅសហភាពអឺរ៉ុប មានប្រទេស បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសប៉ូឡូញ៕