ភ្នំពេញ ៖ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) សុទ្ធតែបានបញ្ជាក់ថា នៅចុងឆ្នាំ២០២៤នេះ សត្វខ្លាធំឬខ្លាដំបងចំនួន៤ក្បាល នឹងត្រូវបញ្ជូនពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា ដែលជាការអនុវត្តគម្រោងស្តារសត្វខ្លាធំនៅក្នុងព្រៃជួរភ្នំក្រវាញឡើងវិញ។

ការបញ្ជាក់កាន់តែច្បាស់នេះធ្វើឡើងក្នុងពិធីប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅសួនកម្សាន្ត Coconut Park កោះពេជ្រ រាជធានីភ្នំពេញ។

លោកស្រី ទេវ្យានី ខូប្រាហកាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានរំឭកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។ ដូច្នេះការបញ្ជូនសត្វខ្លាធំមកឲ្យរស់នៅក្នុងព្រៃនៃប្រទេសកម្ពុជានេះ គឺជាការអនុវត្តគម្រោងស្តារសត្វខ្លាធំនៅព្រៃជួរភ្នំក្រវាញឡើងវិញ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត បានឲ្យដឹងថា សត្វខ្លាំធំ ឬខ្លាដំបងទាំង៤ក្បាល ដែលគ្រោងនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនដល់ប្រទេសកម្ពុជានៅចុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមសត្វខ្លាំធំ ឬខ្លាដំបងទាំង៤ក្បាលនោះ មានឈ្មោល១ក្បាល និងញី៣ក្បាល។

លោកបានបន្តថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្សាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

លោក ជា សំអាង បានបន្តទៀតថា ក្រសួងបរិស្ថាន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នឹងប្តេជ្ញាចិត្តអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់បំផុត ដើម្បីលុបបំបាត់ការបរបាញ់សត្វព្រៃ និងការដាក់អន្ទាក់ក្នុងតំបន់ការពារជាតិធម្មជាតិ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ មុននឹងការបញ្ជូនសត្វខ្លាធំទាំង៤ក្បាលឱ្យមករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ