សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាព
ចិន ៖ បន្ទាប់ពីធ្វើដំណើរជាច្រើនម៉ោង នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។
ការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលចិន និងមន្ត្រីកម្ពុជាប្រចាំនៅប្រទេសចិនរួមមាន លោក Tang Renjlan រដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ, ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨ព្រឹកមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមមេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3 BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»៕EB