ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំដល់សមត្ថកិច្ចតាមព្រំដែនទាំងអស់ ត្រូវលុបបំបាត់បាតុភាពអសកម្មផ្សេងៗ ដែលបង្កការលំបាកដល់ពលករខ្មែរ នៅពេលធ្វើដំណើរចេញ-ចូល។

ក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចលើកដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំបណ្ដាអង្គភាពផ្សេងៗ នៅក្នុងគណៈកម្មការចំពោះកិច្ចនេះ ពិសេសសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ត្រូវតែកែប្រែឥរិយាបថក្នុងការបំពេញការងារ ដោយធ្វើយ៉ាងណាឲ្យពលករដែលត្រូវចំណាកស្រុកចេញទៅក្រៅប្រទេស មានភាពកក់ក្ដៅក្នុងការទទួលសេវា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះសំខាន់គឺ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ត្រូវជួបធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករចំណាកស្រុក។ លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា កន្លែងទៅបានការរិះគន់ជាបុគ្គល ពាក់ព័ន្ធការទទួលកម្រៃក្រៅផ្លូវការពីពលករ ដូច្នេះចំណុចនេះត្រូវលុបបំបាត់តែម្ដង។

ដើម្បីជាយន្ដការមួយផ្ដល់ភាពងាយស្រួលដល់ពលករចំណាកស្រុកនោះ លោកឧបនាយករដ្ឋមន្ដ្រី ប្រធានគណៈកម្មការចំពោះកិច្ច គ្រោងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារតែម្ដង សំដៅទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយរបស់ប្រជាពលករ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ