ប្រុងប្រយ័ត្ន ! រយៈពេល ៣ថ្ងៃនេះ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត អាចមានភ្លៀងធ្លាក់ លាយឡំផ្គរ និងរន្ទះ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាន នៅថ្ងៃទី១៧ ខែតុលាស្អែកនេះ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញ ព្រមទាំងតាមបណ្តាខេត្ត អាចនឹងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ និងរន្ទះផងដែរ។
យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាន នៅថ្ងៃទី១៧ ខែតុលាស្អែកនេះ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួលប្តូរមកពីទិសខាងកើត និងអាគ្នេយ៍ (Variable winds) វិញ។
ក្រសួងធនធានទឹក និងឧតុនិយម បន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា នៅបណ្តាខេត្ត ស្ថិតក្នុងតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយនឹងផ្គរ រន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ចាប់ពី៥០% រហូតដល់៧០%៕EB