ភ្នំពេញ ៖គិតត្រឹមបំណាច់ឆ្នាំ ២០២៣ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង ដែលមានកម្លាំងផលិតសរុប ៣ ៤៥១ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ដល់លំនៅឋានពលរដ្ឋជាង ៨៨ ភាគរយ ខណៈកម្ពុជាកំពុងជំរុញការផ្គត់ផ្គង់អគ្គិសនីដល់គ្រប់ភូមិ ១០០ ភាគរយនៅឆ្នាំត្រឹមឆ្នាំ ២០៣០។

បើតាមការបង្ហាញរបស់ ក្រសួងរ៉ែ និងថាមពល អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះ រាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី គិតត្រឹមបំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុប ពីវារីអគ្គិសនី ថាមពលដើដោយធ្យូងថ្ម ថាមពលកកើតឡើងវិញជាដើម មានចំនួន ២៦ គម្រោង ដោយមានកំលាំងផលិតសរុប ៣៤៥១ មេហ្គាវ៉ាត់ ក្នុងនោះកម្ពុជានឹងប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោច ៧០ ភាគរយ នៅត្រឹមឆ្នាំ ២០៣០ មកពីប្រភពថាមពល ព្រះអាទិត្យ ខ្យល់ វារីអគ្គិសនី និងជីវម៉ាស ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការឡើងកម្តៅផែនដី និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទាក់ទិនការតបណ្តាញអគ្គិសនីវិញ, ក្រសួងរ៉ែ និងថាមពល បានអភិវឌ្ឍន៍ខ្សែបញ្ជូនបណ្តាញជាតិ តភ្ជាប់ទៅកាន់ភូមិបាន ចំនួនជាង ៩៨ ភាគរយ និងបានផ្គត់ផ្គង់ទៅដល់លំនៅឋានប្រជាពលរដ្ឋជាង ៨៨ ភាគរយរួចហើយ ក្នុងនោះជាផែនការក្រសួងរ៉ែ និង ថាមពល នឹងជំរុញការផ្គត់ផ្គង់ទៅដល់ភូមិទាំងអស់នៅកម្ពុជាឲ្យបាន ១០០ ភាគរយ នៅត្រឹមឆ្នាំ ២០៣០ ផងដែរ។

សូមបញ្ជាក់ថា ជុំវិញគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញនេះ, ក្រសួងរ៉ែ និងថាមពល មានមហិច្ឆតា គឺធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅសំខាន់ សម្រាប់ការវិនិយោគបៃតង ដើម្បីជួយកំណើនសេដ្ឋកិច្ច និងការធានាថា កំណើនប្រែក្លាយទៅជាការបង្កើត ការងារ និងការលើកកម្ពស់សហគមន៍ តាមរយៈកញ្ចប់នៃនិរន្តរភាព។ ម្យ៉ាងវិញទៀត ការថ្លឹងថ្លែងពីអត្ថប្រយោជន៍នៃការរីកចម្រើន ថាមពល ដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ឬសង្គមសម្រាប់ មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ដោយការផ្លាស់ប្តូរទៅជាថាមពល ស្អាត ព្រមទាំងមានប្រសិទ្ធភាពជាងនេះ នឹងមិនត្រឹមតែមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ វាគឺជាការវិនិយោគ យុទ្ធសាស្ត្រ និងការអនុវត្តក្នុងរយៈពេលវែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ