អូស្រ្តាលី៖ មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធនៅតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសPapua New Guinea ។នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានABC របស់អូស្ត្រាលីចេញផ្សាយនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បុរសទាំងនោះត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយក្នុងខេត្តEnga នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអូស្ត្រាលី។របាយការណ៍មួយរបស់កាសែតក្នុងស្រុកThe Post-Courierបាននិយាយថា អំពើហឹង្សាបានកើតឡើងចាប់តាំងពីថ្ងៃទី ១៨ខែកុម្ភៈបន្តមក  ហើយចំនួនអ្នកស្លាប់ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ពាក់ព័ន្ធការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធពីរ។

ប៉ូលីសបានរាយការណ៍ពីដំបូងថាយ៉ាងហោចណាស់មនុស្ស៥៣នាក់បានស្លាប់ ប៉ុន្តែក្រោយមកចំនួនអ្នកស្លាប់ត្រូវបានកែប្រែ ចុះមកត្រឹម២៦នាក់វិញ មិនទាន់អាចផ្ទៀងផ្ទាត់ចំនួនអ្នកស្លាប់បាននៅឡើយទេ។

លោកGeorge Kakas មន្ត្រីជាន់ខ្ពស់កងកម្លាំងប៉ូលីសរបស់ប្រទេសPapua New Guinea បានប្រាប់សារព័ត៌មានABC ថា "កុលសម្ព័ន្ធទាំងនេះត្រូវបានសម្លាប់នៅតាមតំបន់ជនបទ និងពាសពេញក្នុងព្រៃ"។ "ប៉ូលីស និងកងកម្លាំងការពារជាតិត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលទៅបង្ក្រាបនិងគ្រប់គ្រងស្ថានការណ៍ដោយការប្រយ័ត្នប្រយែងខ្ពស់"។មន្ត្រីប៉ូលីស បន្តថា ប្រជាជាតិប៉ាស៊ីហ្វិករស់នៅជាកុលសម្ព័ន្ធរាប់រយក្រុម ហើយភាគច្រើនរស់នៅក្នុងតំបន់ដែលគេបោះបង់ចោលនិងដាច់ស្រយាល។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកAnthony Albanese បានឱ្យដឹងថាថា "ពិតជារឿងគួរឱ្យព្រួយបារម្ភណាស់។ លោកបានបន្តថា "យើងនឹងផ្តល់ការគាំទ្របន្ថែម  ពិសេសសម្រាប់ការបណ្តុះបណ្តាលមន្រ្តីប៉ូលីស និងការរក្សាសន្តិសុខនៅក្នុងប្រទេស Papua New Guinea "៕

 


 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ