សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអាជ្ញាធរដាក់បញ្ចាំងស្លាយជូនពលរដ្ឋ ទស្សនាពិធីអបអរសាទរ នៃការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
តាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវអាជ្ញាធរតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូនប្រជាពលរដ្ឋ បានទស្សនាពិធីអបអរសាទរ នៃការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះនាឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។ សម្ដេច បានថ្លែងអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរសាងសង់កាលពីជាង ១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្ដូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច នៅក្នុងសម័យប្រជុំលើក៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា៕EB