ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យអ្នកដំណើរ ចេញចូលឆ្លងកាត់ព្រំដែនផងដែរ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ តុលា បានឲ្យដឹងថា « សូមធ្វើការក្រើនរំលឹកដល់ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតទាំងអស់ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ»។
ក្រសួង បន្ដថា ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រសួង បន្ថែមថា ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពី ពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួង បន្ថែមថា ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។
លើសពីនេះ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើ ការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់៕EB