រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃទាំងអស់ អនុវត្តគោលការណ៍ធំៗចំនួន២ ដើម្បីឱ្យការងារទទួលបានជោគជ័យ
ទីស្តីការក្រសួងមហាផ្ទៃ៖នាព្រឹកថ្ងៃច័ន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃសរុបប្រមាណជា ៦០០នាក់។
នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានទទូចដល់តួអង្គពាក់ព័ន្ធទាំងអស់ រស់នៅក្រោមដំបូលក្រសួងមហាផ្ទៃទាំងអស់ត្រូវ អនុវត្តគោលការណ៍គ្រឹះធំៗចំនួន២ដើម្បីឱ្យការបំពេញភារកិច្ចកាន់តែទទួលបានជោគជ័យ គោលការណ៍ទាំង២នោះរួមមាន៖
ទី១៖ការអនុវត្តគោលការណ៍ធ្វើការងារជាក្រុម ពោលគឺយើងទាំងអស់គ្នានៅទីនេះ ត្រូវតែចាត់ទុកសមាជិកសមាជិការនៃក្រុមគ្រួសារក្រសួងមហាផ្ទៃគឺជាគ្រួសារតែមួយ។ការអនុវត្តទស្សនៈរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ព្រមទាំង ត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានអត្ថប្រយោជន៍ ក៏ដូចជាអត្ថប្រយោជន៍ជាតិ ដើម្បីប្រជាពលរដ្ឋ។
ជាមួយគ្នានោះមន្ត្រីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈដើមឈើមួយដើម មិនអាចអោបម្នាក់ឯងបានទេ ត្រូវខ្ចីដៃក្រុមគ្រួសារនៃក្រសួងមហាផ្ទៃទើបអាចអោបជុំ។ទន្ទឹមនឹងនេះត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមទាំង៣គឺ ៣កុំ ៣គួរ និងគប្បី១ ៖ ៣កុំនោះគឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា និងកុំច្រណែនគ្នា ហើយគួរ៣នោះគឺ គួរស្រឡាញ់ និងសាមគ្គីគ្នា គួរជ្រុមជ្រែងគ្នា និងគួរសារទគ្នា ចំណែកគម្បី១ គឺគប្បីអោយដើមឈើក្រសួងមហាផ្ទៃមួយនេះអោយបានជោគជ័យនិងមាននិរន្តរភាព។
ទី២រួមមាន៖ មន្ត្រីទាំងអស់ត្រូវអនុវត្ត និងគោរពមុខងារតាមឋានុក្រម បំពេញភារកិច្ច ឋានានុក្រម ឋានន្តរសក្ដិ និងមុខតំណែងដែលបានប្រគល់ជូន បំពេញការងារតាមរចនាសម្ព័ន្ធ ដែលបានរៀបចំជាពិសេសចៀសវាង ក្នុងការរំលងអង្គភាពឈានទៅដល់ការមានជម្លោះផ្ទៃក្នុង ។
ឯកឧត្តមអភិសន្ដិបណ្ឌិត មានប្រសាសន៍បន្តថា តាមរយៈការឆ្លងមតិផ្ទាល់ក៏ដោយ ជាបទពិសោធន៍ត្រូវតែបន្តគោរព តាមឋានានុក្រម រៀបចំឯកសារទៅតាមនីតិវិធី ចំពោះការតម្លើងឋានន្តរសក្ដិ មុខតំណែង ឬមួយទៅតាមឋានានុក្រមផ្សេងៗទៀត ត្រូវគោរព និងអនុវត្តតាមការវាយតម្លៃរបស់អង្គភាពពាក់ព័ន្ធ។
ដោយឡែក តាមអង្គភាពនីមួយៗគួរគូសព្រួញសញ្ញាស្តង់ដារ SOP តាមឋាននុក្រមពីទាបទៅខ្ពស់ក្នុងការអនុវត្ត ដោយពន្យល់ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ពិសេសបង្ហាញ អោយមើលឃើញទាំងអស់គ្នាអ្វីដែលជា តម្លាភាព ក្នុងនោះកំណត់ការប្រជុំរបស់អង្គភាពនីមួយៗ ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ហើយគ្រប់កម្រិតនៃអង្គភាពនីមួយៗ ត្រូវមានរបាយការណ៍ច្បាស់លាស់ ព្រមទាំងសមទ្ធិផលនានាប្រចាំឆ្នាំ សម្រាប់ជាគោលដៅបន្ត ។
ទន្ទឹមនឹងនេះមន្ត្រីទាំងអស់ត្រូវបន្តបែងចែកកាលវិភាគការងារ ប្រគល់ភារកិច្ចដល់មន្ត្រីគ្រប់ៗរូប ពិសេសចៀសវៀងបែងចែកភារកិច្ចមួយចំនួន សម្រាប់តែអ្នកចូលចិត្ត ហើយប្រគល់តួនាទីដែលមិនចំគោលដៅដល់អ្នកដែលខ្លួនមិនពេញចិត្ត ហើយ លុបបំបាត់ការិយាល័យមួយចំនួន ដែលមានអ្នកធ្វើការ៣ទៅ៤នាក់ ឬនាយកដ្ឋានខ្លះ មានអ្នកធ្វើការត្រឹម៤ ទៅ១០នាក់ក្នុងនោះក៏សូមបន្តពង្រឹង វត្តមានមន្ត្រីរាជការរបស់យើងទាំងអស់គ្នាផងដែរ៕