ត្រង់កំណាត់ផ្លូវខេត្តលេខ៣១៣ ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ នៅស្រុកបាភ្នំ ផ្អាកចរាចរណ៍យានយន្តដឹកទំនិញ ជាបណ្ដោះអាសន្ន ក្រោយមានទឹកជន់លិច
ព្រៃវែង៖ មន្ទីរព័ត៌មានខេត្តព្រៃវែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី។
ការផ្អាកចរាចរណ៍បណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងទប់ស្កាត់ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន នៅក្នុងមូលដ្ឋានខេត្តព្រៃវែង។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៨ និងក្រុងព្រៃវែង សូមធ្វើការវាងតាម ផ្លូវខេត្តលេខ៣៨៤បេ ចាប់ពីឃុំធាយ កាត់តាមឃុំទឹកថ្លា ស្រុកបាភ្នំ ឃុំសំរោង ឃុំដំរីពួន និងឃុំជាខ្លាង ស្រុក ស្វាយអន្ទរ។ ហើយបងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់ ផ្លូវជាតិលេខ១ និងផ្សារអ្នកលឿង - សូមវាង តាមផ្លូវខេត្តលេខ៣១១ ចាប់ពីផ្សារឈើកាច់ ដល់ផ្សារកំពង់សឹង៕