ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចអនុញ្ញាតឱ្យកម្មករ-និយោជិត ឈប់សម្រាករយៈពេល៣ ថ្ងៃ នាឱកាសបុណ្យអុំទូក
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យកម្មករ-និយោជិត ឈប់សម្រាកចំនួន៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ដោយគិតចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺ ថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សេចក្ដីជូនដំណឹងដដែលសរសេរបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករ-និយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយ នាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឲ្យកម្មករ-និយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។
កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬ នាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ-និយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗ ខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ជាមួយគ្នានេះ សេចក្ដីជូនដំណឹងដដែលក៏បានសរសេរបញ្ជាក់បន្ថែមថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករ-និយោជិតសាមី និងនិយោជក ឬ មានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថាន ឬ អនុសញ្ញារួម ការឈប់សម្រាក របស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាក បុណ្យដូចមានកំណត់ខាងលើ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករ-និយោជិតទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕