ថៃ៖ ក្រសួងការបរទេសថៃ បានអះអាងថា រហូតមកដល់ពេលនេះ ជនជាតិថៃចំនួន១០៩៩នាក់នៅក្នុងចំណោម៣ម៉ឺននាក់ នៅប្រទេសអ៊ីស្រាអែល បាននិងកំពុងចុះឈ្មោះត្រឡប់មកមាតុប្រទេសវិញ ខណៈជនជាតិថៃ៥ពាន់នាក់ផ្សេងទៀតរស់ក្នុងតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។ ដោយឡែក ក្នុងចំណោមជនជាតិថៃចំនួន១១នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង មកទល់ពេលនេះ ពួកគេប្រហែលជាត្រូវបានដោះលែងហើយ។ 

លោកស្រី Kanchana Patarachoke អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទទី៩តុលាថា អាជ្ញាធរកំពុងដំណើរការផ្ទៀងផ្ទាត់ព័ត៌មានដែលថា ជនជាតិថៃមួយចំនួនក្នុងចំណោមចំណាប់ខ្មាំងទាំង ១១នាក់ ត្រូវបានដោះលែង។ 

លើសពីនេះ លោកស្រី កញ្ចនា បាននិយាយថា ស្ថានទូតថៃប្រចាំទីក្រុងគូឡាឡាំពួរ កំពុងសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីចរចាដោះលែងចំណាប់ខ្មាំងថៃទាំង១១នាក់នោះ ទន្ទឹមនឹងពលករថៃត្រូវបានចាប់ខ្លួនរួមជាមួយនឹងជនជាតិដទៃទៀតនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើទីក្រុងពីររបស់អ៊ីស្រាអែលក្បែរតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ទី៧តុលាកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីបានលើកឡើងថា មនុស្សប្រហែល១០០នាក់ ត្រូវបានក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង រួមទាំង៖ ជនជាតិបារាំង អាឡឺម៉ង់ ហ្សកហ្ស៊ី អ៊ុយក្រែន និងថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ