អាល្លឺម៉ង់ ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តដំណើរមកដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។

នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ចការងារដោយអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ស្ដាប់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យមហាផ្ទៃដោយវាគ្មិនជំនាញៗ ព្រមទាំងអញ្ជើញទស្សនកិច្ចសិក្សានៅតាមទីតាំងមួយចំនួនទៀត។


គួរកត់សម្គាល់ថា ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅសហព័ន្ធស្វីស និងនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នាឱកាសនេះ មានគោលដៅ ដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរ សម្រាប់ការបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា។

មុនបន្តដំណើរពីសហព័ន្ធស្វីស មកកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារសាមគ្គីពេលល្ងាចផ្លូវការ រៀបចំដោយឯកឧត្តម Arno Wicki ឧបការីអគ្គនាយក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែកអាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។

ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានយកចិត្តទុកដាក់ផ្ដល់កិច្ចសហប្រតិបត្តិការនិងជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា ជាពិសេសបានសម្របសម្រួលដំណើរទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជានៅសហព័ន្ធស្វីសប្រកបដោយជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ