អាជ្ញាធរប្រទេសដាណឺម៉ាកបានឲ្យដឹងថា សត្វសំពោចម៉្យាង (Mink) ចំនួន១លានក្បាល នឹងត្រូវសម្លាប់ចោល បន្ទាប់ពីបានរកឃើញមានករណីឆ្លង COVID-19 បន្ថែមទៀត ក្នុងចំណោមប្រភេទសត្វនេះ នៅតាមកសិដ្ឋានដែលចិញ្ចឹមពួកវាយករោម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

ក្រសួងបរិស្ថាននិងចំណីអាហាររបស់ប្រទេសដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលាកន្លងទៅនេះថា កសិដ្ឋានចញ្ចឹមសត្វសំពោចចំនួន៤១កន្លែង មានផ្ទុះករណីឆ្លង COVID-19 ខណៈ ២០កន្លែងផ្សេងទៀតរងផលប៉ះពាល់។ការផ្តោតសំខាន់របស់យើងនៅពេលនេះ គឺធានាថាកសិដ្ឋានចញ្ចឹមសត្វសំពោច Mink នឹងមិនក្លាយជាភ្នាក់ងារចម្លងរោគទៅកាន់មនុស្សទេ ដូច្នេះរដ្ឋាភិបាលបានសម្រេចសម្លាប់សត្វសំពោចទាំងនោះចោល ដើម្បីបង្ការកុំឲ្យមានការឆ្លងទៅមនុស្ស»។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ អាជ្ញាធរអេស្ប៉ាញបានបញ្ជាឲ្យសម្លាប់ចោលសត្វសំពោចចំនួន ៩៣,០០០ក្បាល នៅឯកសិដ្ឋានមួយ ដើម្បីបង្ការកុំឆ្លងរាលដាលដល់មនុស្ស បន្ទាប់ពីបានរកឃើញថា មានសត្វសំពោចជាច្រើនក្បាល បានឆ្លងជំងឺ COVID-19។ ចំណែកឯប្រទេសហូឡង់ ក៏បានរាយការណ៍ពីករណីស្រដៀងគ្នានេះដែរ និងបានចាត់វិធានការសម្លាប់សត្វសំពោចទាំងនោះចោលដូចគ្នា បន្ទាប់ពីមនុស្សពីរនាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរុសនេះពីសំពោច បើទោះបីជាករណីឆ្លងពីសត្វទៅមនុស្ស ត្រូវបានគេជឿជាក់ជាករណីដ៏កម្របំផុតក៏ដោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ