ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានជូនដំណឹងបន្ថែមថា នៅពេលសប្បុរសជន ស្កែន QR Code ដើម្បីបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ត្រូវពិនិត្យមើលឈ្មោះគណនី ដែលលេចលើអេក្រង់ទូរសព្ទរបស់ លោកអ្នក ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ QR Code ផ្ទាល់ខ្លួន។

តាមសេចក្ដីជូនដំណឹងបន្ថែម របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៧ មិថុនា បានឲ្យដឹងថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ, សប្បុរសជនជាង ១២ ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារ ចំនួនប្រមាណ ១លាន ២៧ ម៉ឺន ដុល្លារអាម៉េរិក។

ទន្ទឹមពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានជូនដំណឹងថា «នៅពេលសប្បុរសជន ស្កែន QR Code ដើម្បីបរិច្ចាគ, សូមមេត្តាពិនិត្យមើលឈ្មោះគណនីដែលលេចលើអេក្រង់ទូរសព្ទរបស់ លោកអ្នក ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ QR Code ផ្ទាល់ខ្លួន។ QR Code ដែលត្រឹមត្រូវ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, នៅពេលស្កែនដើម្បីបរិច្ចាគនឹងឃើញឈ្មោះ មូលនិធិគន្ធបុប្ផាកម្ពុជា ជា អ្នកទទួល នៅលើអេក្រង់ទូរសព្ទរបស់លោកអ្នក (ដូចមានរូបគំរូខាងក្រោម)»។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ