ភ្នំពេញ ៖ ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តដ៏ល្អកម្ពុជា-ថៃ នៅតែបន្ដការប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់។

ការឯកភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាមួយលោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ ជំនួបនេះត្រូវបានធ្វើឡើងនៅការិយាល័យរបស់លោកសន្ដិបណ្ឌិត នេត សាវឿន។

ក្រៅពីជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដ និងឧបករណ៍តេស្ដរកសារធាតុញៀនតាមទឹកមូត្រ ដែលធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ បានសម្ដែងនូវការកោតសរសើរ និងសមិទ្ធផលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជានាពេលកន្លងមក ពិសេសភាពជោគជ័យលើយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះបានបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រមទាំងអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងផ្សព្វផ្សាយអប់រំយ៉ាងមានប្រសិទ្ធភាព។

ភាគីថៃ បានលើកឡើងអំពីការចាប់អារម្មណ៍ចំពោះវិធីសាស្ដ្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ដែលទទួលបាននូវប្រសិទ្ធភាពជាច្រើន រួមទាំងការបង្កើត App NoDrug ជាដើម។ កម្មវិធី ឬ App NoDrug បានប្រមូលផ្ដុំទៅដោយការអប់រំតាមប្រព័ន្ធឌីជីថល និងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅក្នុងសហគមន៍៕

សូមជម្រាបថា ជំនួយដែលអគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ប្រគល់ជូនអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ រួមមាន រថយន្ដចំនួន២គ្រឿង និងឧបករណ៍តេស្ដរកសារធាតុញៀន ចំនួន១ម៉ឺនឈុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ