ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ បានឯកភាពគ្នា ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងម៉ាំជិតស្និទបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយបាននាំមកនូវការជូនពរ អបអរសាទរ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីគោរពស្រឡាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធ ក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ