ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះនាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា  សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ដោយសាររបាយការណ៍ចុងក្រោយ គឺអង្គការ FATF បានទទួលស្គាល់ ហើយអង្គការ FATF នឹងចាត់តាំងក្រុមការងារដើម្បីចុះមក On-site Visit ហើយការប្រជុំរបស់យើងថ្ងៃនេះ គឺជាការប្រជុំដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ការចុះធ្វើ On-site Visit នេះ នៅខែមករា ឆ្នាំ២០២៣។ នេះ ជាក្ដីសង្ឃឹម របស់យើង យើងសង្ឃឹមថា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះឱ្យបាន ដោយសារតែឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ដូចជា កិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួង-ស្ថានប័ន្ធដែលមានការពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។

សូមរំលឹកថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ