ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន ៣៣៧,៧០លានដុល្លារ ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានភាគីចម្រុះ គឺភាគីកម្ពុជា និងអង្គការសហប្រជាជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងចំណោមថវិកាទាំងនេះ មានការចំណាយរបស់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមចំនួន ៩៨,៦លានដុល្លារ និងភាគីអន្តរជាតិចំណាយអស់ថវិកាចំនួន ២៣៩លានដុល្លារ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ម្ចាស់ជំនួយលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងរយៈពេល ១៦ឆ្នាំមកនេះ គឺមានសរុបទាំងអស់មានចំនួន ៣៩ប្រទេស ដែលក្នុងនោះ ក៏មានទាំងក្រុមហ៊ុនឯកជនផងដែរ។ ក្នុងចំណោមម្ចាស់ជំនួយទាំងនោះ គឺប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេ ដែលបានផ្តល់ថវិកាវិភាគទានរហូតដល់៨៨,២៦លានដុល្លារ ស្មើនឹង៣១ភាគ រយ នៃការចំណាយសរុបរបស់តុលាការ ខណៈម្ចាស់ជំនួយធំទី២ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិភាគ ទានថវិកា និងសម្ភារសរុបជាទឹកប្រាក់ចំនួន ៤៥,៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៤ភាគរយ។

លោក នេត្រ ភក្ត្រា បានបន្តថា បន្ទាប់មកទៀត មានប្រទេសអូស្ត្រាលី ចំនួនទឹកប្រាក់ ៣៥លានដុល្លារអាមេរិក, សហរដ្ឋអាមេរិកចំនួន៣២លានដុល្លារ, សហភាពអឺរ៉ុបចំនួន ៣២លានដុល្លារ, អាល្លឺម៉ង់ចំនួន ១៤លានដុល្លារ, ស៊ុយអែតចំនួន ១៤លានដុល្លារ, អង់គ្លេសចំនួន១៣លានដុល្លារ, និងបារាំងចំនួន១០លានដុល្លារ។ ជាមួយគ្នានេះ ក៏មានបណ្តាប្រទេសផ្សេងៗទៀតផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ