ភ្នំពេញ ៖ ទឹកប្រាក់ជាង៧៦០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សម្រាប់វិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៧៧ ០៨០នាក់ និងចំណាយថវិការដ្ឋសរុប ៧៦ ៨៩៦ ៣២០ ០០០រៀល ស្មើនឹងប្រមាណ ១៩.២២ លានដុល្លារ។

អ្នកនាំពាក្យរូបនេះ បន្តថា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២0 ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើគិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអនុវត្តបានចំនួន ៩ជុំ មាន ២៥លើក មានអ្នកទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ (ជិត៣លាននាក់) ដោយចំណាយអស់ថវិការដ្ឋសរុបជាង ២ ៩៧៨ប៊ីលានរៀល ស្មើនឹងប្រមាណ ៧៤៤លានដុល្លារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ