ប៉ូលិសអ៊ីតាលីចាប់ខ្លួនមនុស្ស ចំនួន៣៣នាក់ រឹបអូសលុយជាង៥២,៥លានដុល្លារ ពីបណ្តាញម៉ាហ្វៀក្នុងការលាងលុយកខ្វក់របស់ចិន
អ៊ីតាលី៖ ប៉ូលិសអ៊ីតាលី បានចាប់ខ្លួនមនុស្សចំនួន៣៣នាក់ កាលពីថ្ងៃពុធទី៤តុលាកន្លងទៅ ក្នុងការបង្ក្រាបជាថ្មីលើបណ្តាញលាងលុយកខ្វក់របស់ចិន ដែលត្រូវបានចោទប្រកាន់ថា បានលាងលុយជាង ៥២,៥លានដុល្លារអាម៉េរិក (៥០លានអឺរ៉ូ) ពីក្រុមជួញដូរគ្រឿងញៀន រួមទាំងក្រុមម៉ាហ្វៀអ៊ីតាលី ដែលមានឈ្មោះថា Ndrangheta។
ក្រុមមន្ត្រីប៉ូលិសអ៊ីតាលីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនមនុស្ស៣៣នាក់ រួមទាំងជនជាតិចិន៧នាក់នៅទីក្រុងរ៉ូម និងនៅក្នុងទីក្រុងចំនួន៦ ផ្សេងទៀតរបស់អ៊ីតាលី ដោយចោទប្រកាន់ពីបទសមគំនិតឧក្រិដ្ឋកម្មសម្រាប់ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានរឹបអូសជាសាច់ប្រាក់ប្រហែល ១០លានអឺរ៉ូពីភ្នាក់ងារលាងលុយ ដែលទទួលបន្ទុកផ្ទេរប្រាក់ទៅក្រៅប្រទេស។
ការស៊ើបអង្កេតថ្មីៗជាច្រើនបានបង្ហាញពីរបៀបដែលក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសអ៊ីតាលីកំពុងប្រើប្រាស់បណ្តាញឈ្មួញកណ្តាលលាងលុយស្រមោលរបស់ចិន ដែលមិនមានអាជ្ញាបណ្ណ ដើម្បីលាក់បាំងការបង់ប្រាក់ឆ្លងព្រំដែន។
វិធីសាស្ដ្រផ្ទេរប្រាក់ ពាក់ព័ន្ធនឹងការដាក់ប្រាក់ជាមួយឈ្មួញកណ្តាលនៅក្នុងប្រទេសអ៊ីតាលី ខណៈដែលភ្នាក់ងារផ្សេងទៀតនៅក្នុងបណ្តាញ បង់ចំនួនដូចគ្នាទៅឱ្យអ្នកទទួលប្រាក់។ ករណីចុងក្រោយនៃការលាងលុយកខ្វក់នេះ បានកើតឡើងនៅក្នុងអាជីវកម្មនាំចូល-នាំចេញសម្លៀកបំពាក់ និងគ្រឿងសម្អាងរបស់ចិននៅក្នុងស្រុក Esquilino នៃរដ្ឋធានីអ៊ីតាលី៕