ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រួយបារម្មចំពោះក្មេងៗ មិនចេះនិយាយខ្មែរ មុនភាសាបរទេស ហើយក៏ខ្លាចប្រលងបាក់ឌុបមិនជាប់ ព្រោះនៅស្រុកខ្មែរប្រលងបាក់ឌុប ត្រូវការអក្សរសាស្ដ្រខ្មែរ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងៗ សូម្បីចៅតូចៗរបស់ សម្ដេច ចេះប្រើប្រព័ន្ធអ៊ីធឺណិត ដោយរៀនភាសាបរទេស ចិន អង់គ្លេស តាមប្រព័ន្ធអនឡាញ ដោយចេះភាសាចិន និងអង់គ្លេសមុនភាសាខ្មែរ ដែលករណីនេះនាំឲ្យមានការព្រួយបារម្ភផង។


សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំបារម្ភ ក្មេងៗអត់ចេះនិយាយខ្មែរ មុនភាសាបរទេស ខ្លាចប្រលងបាក់ឌុបអត់ជាប់។ ប្រយ័ត្នយូរៗទៅអត់ចេះ ខ្សោយភាសាខ្មែរ ប្រលងបាក់ឌុបអត់ជាប់ ព្រោះនៅស្រុកខ្មែរប្រលងបាក់ឌុបត្រូវការអក្សរសាស្ដ្រខ្មែរ»។

នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ចៅៗរបស់សម្ដេចចេះនិយាយភាសាអង់គ្លេសភាគច្រើន លើកលែងតែចៅមិនទាន់ចេះនិយាយប៉ុណ្ណោះ។ ក្នុងនោះមានចៅម្នាក់បានប្រាប់បងប្អូនថា កុំនិយាយភាសាអង់គ្លេស ប៉ុន្ដែខ្លួនឯងនិយាយភាសាអង់គ្លេសទៅវិញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចថា ភាសាអង់គ្លេសក្មេងៗ នាពេលបច្ចុប្បន្ន គឺឈានដល់កម្រិតអន្តរជាតិ ហើយក្នុងនោះក៏មានភាសាចិន កូរ៉េ ជប៉ុនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ