ភ្នំពេញ៖នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានលើកឡើងថា កម្លាំងការពារឃោសនាបោះឆ្នោត ត្រូវធានាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់រូប។

នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ លើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.អ និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។


នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ បានឲ្យដឹងថា ដំណាក់កាលមុនការបោះឆ្នោត (មុន និងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត) ក្រុមប្រចាំការអចិន្ត្រៃយ៍របស់លេខាធិការដ្ឋាននៃ គ.ស.អ និងក្រុមប្រចាំការអចិន្ត្រៃយ៍របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត ត្រូវរៀបចំតម្លើងប្រព័ន្ធទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរ ព័ត៌មានគ្នា ដូចជា Telegram ឬ What's app សហការជាប់ជាមួយទីបញ្ជាការប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមការីវិទ្យុទាក់ទង (កម្លាំងនគរបាល) ប្រចាំការនៅគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់។

នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ បន្ដថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ២១ថ្ងៃ ភ្នាក់ងារសន្តិសុខបោះឆ្នោតត្រូវចាត់ចែង កម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួប ប្រជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឲ្យបាននូវបរិយាកាសនយោបាយអព្យាក្រឹត គ្មានការបំភិតបំភ័យ ការ គំរាមកំហែង និងអំពើហិង្សា ឬការបង្កការអុកឡុក ការរំខាន ឬក៏ការចលាចលផ្សេងៗ។

នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ បានបញ្ជាក់ថា «កម្លាំងការពារឃោសនាបោះឆ្នោត ត្រូវធានាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ និងរបៀប រៀបរយសម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់រូប ដោយមិនត្រូវទៅឈរក្បែរ ឬ ដើរកៀកពេកនឹងទីតាំង ឬក្បួនឃោសនាបោះឆ្នោត ឬក៏ស្ថិតនៅក្នុងបរិវេណនៃអង្គពិធីឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយណាមួយឡើយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ