អតីតប្រធានាធិបតីសហរដ្ឋអាមេរិកក្លាយជាប្រធានាធិបតីដំបូង ដែលជាប់ពិរុទ្ធក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ករណី
អាមេរិក៖អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ នៅពេលដែលគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក បានរកឃើញថា លោកមានពិរុទ្ធពីបទក្លែងបន្លំឯកសារ ដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាអាសអាភាស មិនឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទ នៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNNនាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។
គណៈវិនិច្ឆ័យទីក្រុញូវយ៉ក ដែលមានសមាជិក ១២នាក់ បានប្រកាសថា លោក ត្រាំ មានពិរុទ្ធក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ករណី ដែលលោក រងការចោទប្រកាន់។
ទន្ទឹមនោះ លោកចៅក្រម Juan Merchan បានកំណត់ការកាត់ទោសនៅថ្ងៃទី១១ ខែកក្កដា ប៉ុន្មានថ្ងៃមុនគណបក្សសាធារណៈរដ្ឋគ្រោងនឹងតែងតាំងលោក ត្រាំ ជាប្រធានាធិបតីតំណាងបក្សរបស់ខ្លួនជាផ្លូវការ មុនការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក ចាប់ផ្ដើមនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។
បទល្មើសព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារអាជីវកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមាចំនួន ៤ឆ្នាំ ទោះបីជាអ្នកដែលត្រូវបានកាត់ទោស តែងតែទទួលបានការបន្ធូរបន្ថយទោស ការផាកពិន័យជាប្រាក់ ឬអាចនៅក្រៅឃុំជាបណ្ដោះអាសន្នក៏ដោយ៕