សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការសោកស្តាយ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។
តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនង ជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើង បានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ»។
ក្នុងនោះ សម្តេចបវរធិបតី សង្កត់ធ្ងន់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា»។
បន្ថែមើលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ ឱ្យទាក់ទងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅប្រទេសនីមួយៗ ។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស៕