រាជរដ្ឋាភិបាល ប្រកាសដាកឱ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស ចំនួន ៥ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរួម របស់អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១០ បានបញ្ជាក់ថា "មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់ នៅទីកន្លែងទៀតទេ" ។
សេចក្តីប្រកាសដដែរ បញ្ជាក់ថា «សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ»។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមប្រើប្រាស់ឱ្យបានពេញលេញ នូវសេវានេះ និងផ្តល់នូវមតិ ព្រមទាំងធាតុចូលល្អៗ ដើម្បីឱ្យក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច យកមកកែលម្អ សំដៅពង្រឹងឱ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ ទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន/សហគ្រាស និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សូមចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh៕