ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»។

សូមបញ្ជាក់ថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើន ជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវ នៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

លើសពីនេះ អាជ្ញាធរអប្សរា បានឱ្យដឹងថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិសដៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា។ ដោយឡែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ