ភ្នំពេញ៖ ក្រសួងព័ត៌មានចេញសេចក្តីស្តីពីការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនៅ ព្រះរាជាណាចក្រកម្ពុជាដោយក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្ដី ព្រឹត្តប័ត្រ អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ក្រោយ សង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បី ផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។

មួយវិញទៀត ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះ ការទទួលខុសត្រូវដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាព ជាដើម។ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មខាងលើ ក្រសួងព័ត៌មាន សូមធ្វើការ ក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូន ដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានដូចតទៅ៖

១- ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន

២- ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក

៣- ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ

៤- រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។

ចំពោះស្ថិតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្លុតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាននឹង បញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ 

ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ