ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។

នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានលើកឡើងបែបនេះ នាឱកាសសម្តេចធិបតីបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនាយឧត្តមសេនីយ៍ ហឺ វ័យទុង បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។

នាយឧត្តមសេនីយ៍បានប្រាប់សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេសលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ លោក ក៏បានបង្ហាញភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី»។

ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍ នាយឧត្តមសេនីយ៍ ហឺ វ័យទុង ។ សម្តេចធិបតី ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំចិន ជាពិសេស ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ។ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ន ។

សម្តេចធិបតីក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឲ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ