ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការប្តេជ្ញាចិត្តចូលរួម និងគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាពលើឧក្រិដ្ឋកម្មឆ្លងដែន សំដៅប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ធានាដល់ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរៀងៗខ្លួន និងការកសាងបាននូវសំណាញ់ច្បាប់សកល ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងផ្ដន្ទាទោសឧក្រិដ្ឋជន។

ការលើកឡើងនេះគឺធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងសន្និសីទ ស្តីពីវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិន ដែលបានរៀបចំវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ និងគាំទ្រចំពោះគោលបំណង និងបុព្វហេតុដ៏មានសារៈសំខាន់នៃវេទិកានេះ ក្នុងការលើកកម្ពស់ការផ្សាភ្ជាប់កាន់តែជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធសំដៅប្រមូលផ្តុំវិធានការសរុប សំដៅដោះស្រាយបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខក្នុងបុព្វហេតុរួម នៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជាតិនៅក្នុងតំបន់ និងសកលលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ